Blog

ជំនួបសម្ដែងការគួរសម និងពិធីប្រគល់អាហារូបករណ៍ជូនរដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង

យោងតាមស្មារតីនៃការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យចេនឡា និងសាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហូជីមិញ សាកលវិទ្យាល័យចេនឡាបានដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួល និងស្នើសុំទៅកាន់ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហូជីមិញ ដើម្បីនាំយកនូវឱកាសអាហារូបករណ៍ដ៏មានតម្លៃជាច្រើនកន្លែង ជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង។ អាហារូបករណ៍ទាំងនោះ ផ្តោតលើជំនាញឯកទេសសំខាន់ៗនៅសាកលវិទ្យាល័យល្បីៗចំនួន៣ រួមមាន៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យព័ត៌មានវិទ្យា និងសាកលវិទ្យាល័យសេដ្ឋកិច្ច និងច្បាប់។ ជាមួយគ្នានោះដែរ សាកលវិទ្យាល័យចេនឡា ក៏បានប្រគល់ជូននូវអាហារូបករណ៍ពិត ១០០% (ដោយឥតគិតថ្លៃសេវារដ្ឋបាលផ្សេងៗបន្ថែមឡើយ) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ចំនួន ០៦កន្លែង ជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងផងដែរ។

បន្ថែមលើនេះ ដោយផ្អែកលើលទ្ធផលនៃជំនួបពិភាក្សាការងារប្រកបដោយបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នាខ្ពស់សាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហូជីមិញ ក៏បានឯកភាពគាំទ្រយ៉ាងពេញទំហឹងក្នុងការបណ្តុះបណ្តាលវគ្គសិក្សាខ្លី និងវែង ជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងដោយផ្ទាល់ តាមរយៈការបញ្ជូនសាស្ត្រាចារ្យល្បីៗ និងមានបទពិសោធន៍ខ្ពស់មកបង្ហាត់បង្រៀន ស្របតាមតម្រូវការអភិវឌ្ឍន៍ជាក់ស្តែង។ ដោយឡែក សម្រាប់វគ្គបណ្តុះបណ្តាលណាដែលទាមទារការប្រើប្រាស់ឧបករណ៍ និងសម្ភារបរិក្ខារបច្ចេកវិទ្យាទំនើបៗ ខាងសាកលវិទ្យាល័យក៏បានបើកបេះដូងស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការទទួលសិក្ខាកាមឱ្យទៅសិក្សា និងអនុវត្តផ្ទាល់នៅសាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហូជីមិញ ផងដែរ។

ពិធីដ៏ថ្លៃថ្លានេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម យី សុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងជាអនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង តំណាងឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ព្រមទាំងមានការអញ្ជើញចូលរួមពី លោកបណ្ឌិត អ៉ី លីម៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យចេនឡា លោកសាស្ត្រាចារ្យបណ្ឌិត Phan Bach Thang ប្រធានគណៈប្រតិភូនៃសាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហូជីមិញ និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យទាំង៣ខាងលើ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយកវិទ្យាល័យ លោក លោកស្រី ជាសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងក្រុមការងារនៃសាកលវិទ្យាល័យយ៉ាងច្រើនកុះករ។

ដោយឡែក នៅថ្ងៃដដែលនោះ លោកបណ្ឌិត អ៉ី លីម៉ា ព្រមទាំងលោក លោកស្រីសាកលវិទ្យាធិការរង បានចូលជួបសម្តែងការគួរសម និងនាំយកនូវអាហារូបករណ៍ពិត ១០០% (ដោយឥតគិតថ្លៃសេវារដ្ឋបាលផ្សេងៗបន្ថែមឡើយ) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ចំនួន ០៦កន្លែង ប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម ស្រេង ហុង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្ស និងយុវជនដែលមានបំណងចង់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។

តាមរយៈការផ្តល់ជូននូវអាហារូបករណ៍សិក្សាទាំងវគ្គខ្លី និងវគ្គវែងខាងលើនេះ សាកលវិទ្យាល័យចេនឡា មានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថាយុវជនខេត្តបាត់ដំបង ដែលទទួលបានឱកាសមាសនេះ នឹងខិតខំក្រេបជញ្ជក់ចំណេះដឹង បទពិសោធន៍ និងជំនាញឯកទេស ដើម្បីយកមកអភិវឌ្ឍសមត្ថភាពខ្លួនបន្ថែម ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍមាតុភូមិឱ្យកាន់តែរីកចម្រើន ជឿនលឿន និងប្រកបដោយចីរភាព។

#សាកលវិទ្យាល័យចេនឡានឹងជួយបំប្លែងក្តីស្រមៃរបស់ប្អូនឱ្យក្លាយជាការពិត

#សាកលវិទ្យាល័យចេនឡា_រៀនពិត_ចេះពិត_អនុវត្តពិត_ទទួលបានលទ្ធផលពិត

Leave a Reply

Your email address will not be published. Required fields are marked *